ក្រុមហ៊ុនប្រេងធំមួយរបស់សហរដ្ឋអាមេរិក មានផែនការសហការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទនៅកម្ពុជា

admin By admin January 2, 2026

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាជាមួយលោក Casay Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil ក្នុងគោលបំណងស្វែងរកឱកាសសហការគ្នា ជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់ប្រេង និងផលិតផលឧស្ម័នគ្រប់ប្រភេទ នៅទីផ្សារកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជា និងក្រុមហ៊ុនសហរដ្ឋអាមេរិក បានឯកភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុនប្រេងសហរដ្ឋអាមេរិកមួយនេះ អាចផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការស្វែងរកឱកាសសហការផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ គឺដោយសារក្រុមហ៊ុនជឿជាក់លើការដឹកនាំ និងគោលនយោបាយគាំទ្រសេដ្ឋកិច្ចបើកចំហរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ។

ក្នុងគោលដៅសហការបន្ទាប់ ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនផ្គត់ផ្គង់ប្រេង ExxonMobil នឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហការគ្នា ដើម្បីអោយសម្រេចជាលទ្ធផល។

Leave a Reply

Your email address will not be published. Required fields are marked *